កាលបរិច្ឆេទ: ០៥ មករា ២០២២ / កសិកម្ម
កាលពីដើមឆ្នាំ២០២១ គម្រោង Feed The Future Cambodia Harvest II ឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមេរិក Usaid បានចាប់ផ្តើមជួយដល់ការធ្វើអាជីវកម្មផ្លែស្វាយរបស់ក្រុមហ៊ុនខនហ្វីរេល។ កាលពីចុងខែវិច្ឆិកា លោក Namish ប្រធានគម្រោង Feed The Future Cambodia Harvest II បានចុះទៅធ្វើទស្សនកិច្ចរោងចក្ររបស់យើងនៅចោមចៅដែលជាទីតាំងសម្រាប់ផលិត និងបន្ទាប់មកនៅពាក់កណ្តាលខែធ្នូ លោកក៏បានចុះទៅដល់តំបន់សម្គាល់ទីតាំងភូមិសាស្រ្តម្រេចកំពត (IGP) ដើម្បីទស្សនា «រោងចក្របៃតង» របស់យើងនៅកែប ដែលជាកន្លែងសម្រាប់កែច្នៃវត្ថុធាតុដើមដោយគោរពបរិស្ថាន។ នេះសបញ្ជាក់ឲ្យឃើញពីចំណាប់អារម្មណ៍របស់គម្រោង Feed The Future Cambodia Harvest II ចំពោះក្រុមហ៊ុនយើង។
នៅទីនោះគឺជាចម្ការម្រេច ចម្ការផ្លែឈើ និងរុក្ខជាតិសំខាន់ៗសម្រាប់ផលិតផលដែលមានប្រយោជន៍ដល់សុខភាពដូចជា ដើមញ ដើមស្វាយ ដើមខ្ញី ដើមផ្កាម្លិះ ដើមម្រុម ដើមស្លឹកគ្រៃ និងដើមពុកមាត់ឆ្មារ។ល។ និង។ល។ ដោយហេតុថាអេកូទេសចរណ៍ចូលរួមចំណែកដល់អភិវឌ្ឍជនបទ តំបន់អភិវឌ្ឍន៍កសិផលមួយនេះក៏ត្រូវបានរៀបចំឡើងសម្រាប់ការដើរកំសាន្ត និងជារមណីយដ្ឋានមួយផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក Namish ត្រូវបានទទួលស្វាគមន៍ដោយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនខនហ្វីរេល។ ក្នុងឱកាសនោះដែរ លោកឧកញ៉ាឱសថបណ្ឌិតបានពន្យល់ប្រាប់លោក Namish ពីគោលបំណងនៃការរៀបចំតំបន់នេះដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅចន្លោះសមុទ្រ និងជួរភ្នំ ឲ្យក្លាយទៅជា «រោងចក្របៃតង» ផង ជារមណីយដ្ឋានប្រវត្តិសាស្រ្តផង ជា «សាលា» សម្រាប់សិក្សាពីធម្មជាតិ និងពីជីវិតផង និងជាស្ថានសួគ៌សម្រាប់ការអភិរក្សជីវចម្រុះផងដែរ។
ផ្ទៃដីមួយផ្នែកធំនៃតំបន់នេះគឺសម្រាប់ការដាំដុះដំណាំម្រេចសរីរាង្គ និងដំណាំផ្លែឈើផ្សេងៗទៀត ជាពិសេសគឺដំណាំស្វាយ និងកន្លែងសម្រាប់កែច្នៃវត្ថុធាតុដើម។ ក្នុងដំណើរចុះទស្សនកិច្ចតំបន់នេះ លោក Namish ឃើញមានវត្តមានសត្វមាន់ សត្វគោ និងស្រះចិញ្ចឹមត្រី ដូច្នេះលោកអាចកាត់យល់បានពីការអនុវត្តគោលការណ៍អេកូអភិវឌ្ឍន៍ និងសេដ្ឋកិច្ចវិលជុំរបស់ក្រុមហ៊ុនខនហ្វីរេល។
រុក្ខជាតិ សត្វស្លាប សត្វត្រី និងមនុស្សធ្វើការរួមគ្នានៅក្នុង «រោងចក្របៃតង» មួយនេះដើម្បីផលិតដោយគ្មានការបំផ្លាញនូវផលិតផលសរីរាង្គ តាមរយៈការធ្វើជីធម្មជាតិនៅនឹងកន្លែងផ្ទាល់ដែលបានមកពីលាមកសត្វគោ ស្មៅ ស្លឹកឈើរលួយ និងសត្វល្អិតជាដើម។
នៅចំកណ្តាលដីចម្ការ មានបឹងមួយដែលគេអាចជិះទូកកំសាន្តលេងសម្បូរទៅដោយសត្វអណ្តើកម្យ៉ាងដែលជិតផុតពូជទៅហើយនោះ ជាជម្រកដ៏សុខសាន្តរបស់ជីវចម្រុះសត្វ។ សត្វស្លាបជាច្រើនអាចស្វែងរកចំណីអាហារ និងភាពស្ងប់ស្ងាត់ អាចធ្វើជម្រក និងបន្តពួជនៅទីនោះបាន។ ប្រទេសកម្ពុជាជាប្រទេសមួយដែលគេទទួលស្គាល់ថាជាជម្រកសត្វបក្សីច្រើនប្រភេទជាងគេនៅលើពិភពលោក។
លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង មានប្រសាសន៍រៀបរាប់ថា តំបន់នេះក៏ជាតំបន់ប្រវត្តិសាស្រ្តមួយដែរ ព្រោះថាបឹងមួយក្នុងចំណោមបឹងទាំងអស់នៅទីនេះគឺជារណ្តៅគ្រាប់បែកបេ៥២ដែលត្រូវបានគេទម្លាក់នៅទសវត្សរ៍ឆ្នាំ១៩៧០ និងជាសក្ខីភាពនៃសោកនាដកម្មរបស់ប្រទេសខ្មែរនៅពាក់កណ្តាលសតវត្សរ៍ទី២០។ ចំណែកឯផ្លូវរទេះភ្លើងដែលអមតំបន់នេះគឺជាកន្លែងដែលពួកឧទ្ទាមខ្មែរក្រហមបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំង និងបានសម្លាប់ពួកគេកាលពីឆ្នាំ១៩៩៤។
ការរៀបចំតំបន់នេះឲ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិផង និងជាកន្លែងផលិតផងនេះគឺត្រូវបានធ្វើឡើងជាពិសេសដើម្បីទទួលស្វាគមន៍យុវជន និងសិស្ស និស្សិតដែលមានបំណងចង់ស្វែងយល់ពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ប្រធានគម្រោង Harvest II រូបនេះបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលការណ៍សំខាន់ៗនៃការរៀបចំតំបន់នេះ៕